. . . . . .
.
ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤

.
វិធី​សាស្ត្រ ​៧យ៉ាង ​បញ្ចៀស​​កុំ​ឱ្យ​​កូន​ ក្លាយ​ជាក្មេង​ទំនើង​
June 21, 2013 (04:17:32) [ 1226 ]
 
 
ការមាន​​កូន​អាច​ជា​សុភ​មង្គល​មួយ ​នៅ​ក្នុង​ក្រុម​គ្រួសារ​ ហើយ​ក៏​ជា​បទ​ពិសោធន៍​ ដ៏​​អស្ចារ្យ​មួយ ​ក្នុង​ជីវិត​ផង​ដែរ ។ ​ប៉ុន្តែ​ការ​ចិញ្ចឹម​បី​បាច់​ ពួកគេ​ឱ្យ​ធំដឹង​ក្តី​ ក្លាយ​ជា​មនុស្ស​មាន​ចរិត​ ឫក​​ពា​ល្អ សុភាព​​រាបសា រម​ទម មិន​​​ទំនើង​ គឺជា​កាព្វ​កិច្ច​ យ៉ាងលំបាក​មួយ ​។ ​ការអប់រំ​​បុត្រធីតា ​របស់​លោក​អ្នក ​កុំ​ឱ្យ​​ក្លាយ​ជា​​ក្មេង​ទំនើង​ វា​មិន​​​ត្រឹម​តែ​ធ្វើ​ឱ្យ​ជីវិត​មាន​ភាព​​ងាយ​ស្រួល​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ពួក​គេ​​ ធំ​ឡើង​ក្លាយ​ជា​មនុស្ស ​ដែលមាន​ការ​វិនិ​ច្ឆ័យ​ហេតុ​ការណ៍ ​ដោយ​ត្រឹម​ត្រូវ ​។ តាម​ក្រុម​អ្នក​ជំនាញ​​ អះ​អាង​​ថា ​​យុវ​វ័យ​ធ្លាប់​ឪពុក​ម្តាយ​ ទំរើស​កាលពី​វ័យ​កុមារ​ភាព​​ងាយនឹង​មើល​ស្រាល​លើ​​អ្នក​ដទៃ​ តែ​ឱ្យតម្លៃ​ខ្លួន​ឯង​ខ្ពស់​កប់​​ពពក ​ខ្វះ​ខាត​ការ​គ្រប់​គ្រង​លើ​ខ្លួន​ឯង​ និងគ្មាន​បទ​ពិសោធន៍​ជីវិត ។

ខាង​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​ខ្លះ​ៗ​ ដើម្បី​បញ្ចៀស​​បុត្រ​ធីតា ​លោក​អ្នក​ពី​ភាព​ទំនើង ​៖

១-​បង្កើត​ជា​គោល​ការ​​ណ៍​​ច្បាប់​មួយ​៖
ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា បុត្រ​ធីតា​របស់​លោក​អ្នក​ដឹង​​ថា ​រាល់​​ការ​ចំណាយ​​​របស់​ខ្លួន ​គឺមាន​ព្រំ​ដែន​​។ ជា​​ឧ​ទា​ហរណ៍​ប្រសិន​បើពួកគេ​​ សុំ​​អ្នក​ញុំា​ស្ករ​គ្រាប់​ ឬ​កា​រ៉េម ​អ្នក​ត្រូវ​​តែ​ធ្វើ​ឱ្យ​ពួកគេ​ដឹង​ច្បាស់​​ ពីចំនួន​ដែល​ត្រូវ​ញុំា ។ ​អ្នក​​អាច​និយាយ​ដាក់​កំហិត ​ឱ្យ​ពួក​គេ​ថា ​៖ «កូន​អាច​ញុំា​បាន​ស្ករ ​តែមួយ​គ្រាប់​ទេ ការ៉េម​តែមួយ​ទេ » ។ អ្នក​មិន​គួរ​និយាយ​ថា៖ «ស្ករ​គ្រាប់ ឬ​... ​កូន​អាច​ញុំា​បាន​» ។

២-​ត្រូវ​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​​ ចំពោះ​កិច្ច​ការ​លំបាក ​ដែល​គេ​សម្រេច​បាន​ ​៖ ​
ការ​ទិញ​ប្រ​ដាប់​ក្មេង​លេង​ថ្មីៗ ​គឺជា​វិធី​ល្អ​មួយ​ក្នុង​ការលួង​ បុត្រ​ធីតា​លោក​អ្នក ​ឱ្យ​បាត់មាត់ ។ ​ប៉ុន្តែ​វា​ជា​ទម្លាប់​អាក្រក់​មួយ ​ដែល​នាំ​ឱ្យ​ពួកគេ​​យល់​ថា ​ខ្លួន​អាច​សម្រេច​បំណង​​តាម​ការ​សុំ ​។​​ ទម្លាប់​​បែប​នេះ ​នឹង​នាំ​ឱ្យ​បុត្រ​ធីតា​​លោក​អ្នក​​​ ធំ​ដឹង​​ក្តី​​ក្លាយ​ជា​មនុស្ស ​គ្មាន​សមត្ថ​ភាព ​។ ​ជា​ជំនួស​​អំណោយ​ ឬ​រង្វាន់​​ត្រូវ​តែ​ភ្ជាប់​ជា​មួយ​លក្ខ​ខណ្ឌ ​។ ត្រូវ​ជួយ​ពួកគេ​​ឱ្យ​រៀន ​​ធ្វើ​កិច្ចការអ្វី​មួយ​បាន​ល្អ ​និងជោគ​ជ័យ​ ហើយ​បន្ទាប់​មក​ ផ្តល់​​រង្វាន់​​ជា​ក្រោយ ។ ​ត្រូវ​ឱ្យ​ពួក​គេ​យល់​ថា ​​អំណោយ​​ ឬ​ពាន​រង្វាន់​ អ្វី​មួយ​ មិន​អាច​ដណ្តើម​​​យក​បាន​​ ដោយគ្មាន​​ការ​ប្រឹង​ប្រែង​ យ៉ាង​អស់​ពីសមត្ថ​ភាព​​​ទេ ។ ​​ទាំ​ង​នេះ​គឺជា​មេ​រៀន​ជីវិត ​យ៉ាង​សំខាន់​ ដែល​អ្នក​ក្នុង​នាម​ជា​ឪពុក​ម្តាយ ​ត្រូវ​តែ​ផ្តល់​ឱ្យកូន។

៣-​លើក​ទឹក​ចិត្ត​ និងបណ្តុះ​បណ្តាល ​អត្ត​ចរិត​សុភា​ព​រាប​សា ៖
​ត្រូវ​បង្រៀន​​បុត្រ​ធីតា​​លោក​អ្នក​ ឱ្យ​ចេះ​ស្គាល់​ទោស​ ការ​ដឹង​គុណ ចេះ​ប្រើ​​ពាក្យ​គួរ​សម ​និង​ពាក្យ​ថា «អរ​គុណ» ​។ ​អ្វី​ទាំង​អស់​នេះត្រូវ​ផ្តើម​​ចេញ​ ពី​លោក​អ្នក​ដែល​ជា​ឪពុក​ម្តាយ ។ ឪពុក​ម្តាយ​​មិន​ត្រូវ ​ប្រើ​ពាក្យ​​ពេចន៍​មិន​ល្អ ​នៅ​ចំពោះ​មុខ​កូនៗ​ឡើយ ។ ​អត្ត​ចរិត​ឪពុក​ម្តាយ​ គឺជា​​គំរូ​​​សម្រាប់​កូន ​។ ​

៤-​ត្រូវ​ម៉ឺងម៉ាត់ ៖
​នៅពេល​នាំកូនៗ ​ចេញ​​ទៅ​ដើរ​កម្សាន្ត​ នៅ​ទី​សាធារណៈ​ មុន​ពេល​ចេញ​​ពី​ផ្ទះ ​អ្នក​ជា​​ឪពុក​ម្តាយ​​ គួរ​ពន្យល់​​ប្រាប់កូន​ថា ​អ្នក​មាន​គ​ម្រោង​ធ្វើ​អ្វី​ខ្លះ​ ទៅ​កម្សាន្ត​ដល់​ទីណា​ខ្លះ ​និង​ត្រូវ​ពន្យល់​ពួកគេ​ ​ពី​អ្វី​ដែល​ពួក​​គេ​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ។ ​​​អនុវត្ត​វិធីសាស្ត្រ​ បែប​នេះ​ញយ​ដង​ នឹង​ជួយ​ឱ្យ​កូន ​​​ចេះ​​គោរព​ច្បាប់ កោត​ក្រែង​សិទ្ធិ​អ្នក​ដទៃ​ ពេល​ធំ​ដឹ​ង​ក្តី ។ ​មួ​យវិញ​ទៀត ​វានឹង​ជួយ​បំបិទ​មហិច្ឆតា​ ទាម​ទារ​ចង់បាន​ តាម​ទំនើង​ចិត្ត​របស់គេ ​។ ជា​​ឧទាហរណ៍​​មុន​ពេល​​នាំ​ពួកគេ​ទៅហាង​ ឬ​ផ្សារ ​ដើម្បី​ទិញ​​អំណោយ​ខួប​កំណើត ​ជូន​មិត្ត​ភក្តិ​របស់​ពួកគេ ​អ្នក​ត្រូវ​​ពន្យល់​​ពួក​គេ​ឱ្យ​ដឹងច្បាស់​ថា ពួកគេ​​​មាន​សិទ្ធិ​ទិញ​បាន ​ត្រឹម​តែ​កា​ដូ​មួយ​ប៉ុណ្ណោះ ហើយ​ក្រៅ​ពី​នោះ​ មិន​អាច​​ទិញ​បាន​ឡើយ ។ ​ការ​ធ្វើ​បែប​នេះ ​​ទី​១ គឺ​អាច​បញ្ឈប់ ​ការ​រំ​ពឹង​របស់គេ​ ហើយ​ទី​២ ​អាចមិន​ធ្វើ​ឱ្យ​ពួកគេ​​ខូច​ចិត្ត ។

៥-​មិន​​ត្រូវ​ទន់​ចិត្ត ​ឬ​រំភើប​ចិត្ត ​ដោយ​ក្តី​​អាណិត​ លើ​ពាក្យ​​អង្វរ ​របស់​កូនឡើយ ៖
នៅពេល​បុត្រធីតា​លោក​អ្នក​ មិន​យល់​​ស្រប​រឿង​អ្វី​មួយ ​ជា​មួយ​អ្នក ​ឬ​ជះ​កំហឹង​លើ​អ្នក​ ចូរកុំ​ព្យា​យាម​បង្ហាញ​ឱ្យ​ពួក​គេ​ ឃើញ​នូវការ​ទោ​រ​​ទន់​ចិត្ត​ ដ្បិត​​បើ​ពុំ​ដូច្នោះ​ទេ ពួ​កគេ​​នឹង​​ឆ្លៀត​ប្រើ​ការ​​ទោ​​រ​ទន់​ និង​រំភើប​ចិត្ត​​របស់​អ្នក​​ សម្រេច​បំណង​របស់គេ​ ជាហូរ​ហែ​ទៅ​ថ្ងៃ​អនាគត ​។ ​ត្រូវ​និយាយ​​ដោយ​សម្តី​មុតមាំ​​ថា ​អំពើ​​របស់​គេ ​មិន​អាច​​ទទួល​យក​បាន​​ទេ ។ ចូរ​អនុវត្ត​វិធីសាស្ត្រ​នេះ​ ហើយ​ភាព​ម៉ឺង​ម៉ាត់​បំផុត (មិន​និយាយ​ច្រើន! មិន​ទោ​រ​​ទន់​ចិត្ត) ។ ឪពុក​ម្តាយ​គួរ​ធ្វើ​ព្រងើយ​កន្តើយ​ខ្លះ​ ចំពោះ​ការ​ទាម​ទារ ​របស់​បុត្រ​ធី​តា​ខ្លួន។

៦-​គួរ​​កែកំហុស​ ឬអំពើ​​​មិន​គប្បី​របស់​កូន ​ដោយ​ប្រយោល​ ឬ​ប្រើ​ការ​​ប្រៀប​ធៀប ៖
​នៅពេល​បុត្រ​ធីតា​លោក​អ្នក​ ប្រព្រឹត្ត​​អ្វី​មួយ​​ដោយ​ខុស​ឆ្គង​ ហើយ​អាច​បង្ក​ឱ្យគ្រោះ​ថ្នាក់ ​ជា​ជាង​ប្រាប់​ពួកគេ​ដោយ​ផ្ទាល់​មាត់​ថា ​​អំពើ​​នោះ​​ខុស​ឆ្គង​ អ្នកគួរ​ណែនាំ​ដោយ​ប្រយោល​ ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាព​ថ្មី​មួយ ​ដែល​មាន​​សុវត្ថិ​ភាព​ជាង ។ ​ការ​កែកំហុស​កូន ដោយ​វិធី​សាស្ត្រ​ប្រយោល​ ជា​មធ្យោ​បាយ​​ល្អមួយ ​បញ្ឈប់​​អំពើ​​ខុស​ឆ្គង ​របស់​ពួក​គេ​ប្រសើរ​ជាងការ​ប្រាប់​ ដោយ​ផ្ទាល់មាត់ ។ ​ឧទាហរណ៍​ នៅ​ពេល​បុត្រ​ធីតា​លោក​អ្នក ​កំពុង​​លេង​​​ឧបករណ៍​ដែក ​(កាំ​បិត​ ដែក​ចុង​ស្រួច...) ​អ្នក​គួរ​ទាញ​​របស់​​ផ្សេង​​ទៀត​ដែល​យល់​ថា អាច​​ទាក់​ចិត្តគេ​បាន​ក្នុង​នោះ ​​អាច​ជា​ឡាន​ជ័របញ្ជា​ដោយ​តេឡេ ខ្សែ​ភាព​យន្ត​គំនូរ​ជីវ​ចល...។ ​អ្នក​អាច​នឹង​ប្រើ​វិធី​សាស្ត្រ​នេះ​ ជា​ច្រើន​ដង​ដើម្បី​លុប​បំបាត់ ​​ចំណាប់​​អារម្មណ៍ ​របស់​ពួកគេ ​។

៧-​មិន​ត្រូវ​ផ្តល់​​ជម្រើស​ណា​មួយ​​ ដែល​មិន​​អាច​​ទៅរួច​ ដល់​កូន​នោះ​ទេ ​។ ក្នុងករណី​​បុត្រ​ធី​តា​លោក​អ្នក​​ រអ៊ូរ​ទាំ​មិន​ពេញ​​ចិត្ត​ នឹងការ​ជ្រើស​រើសរបស់​អ្ន​​ក សម្រាប់​ពួកគេ​ ជា​ឧទាហរណ៍​ ដូច​ជា​​ទ្រនាប់ជើង ​អ្នក​មិន​គួរ​សួរ​ពួកគេ​ថា «ចង់​​ពាក់​​ទ្រនាប់​​ជើងមួយណា» នោះទេ ។ ​ជា​ជំនួស​វិញ​ អ្នកគួរ​ផ្តល់​ជម្រើស ​​ឱ្យ​ពួកគេ​ដោយ​សំណួរ​ថា ​«​ទ្រនាប់​ជើង​ផ្ទាត់​ និង​ឃ្លុប​ពាក់​មួយ​ណា?» ។ ​មួយ​វិញ​ទៀត​ជម្រើស​ដែល​លោក​អ្នក ​ផ្តល់​ឱ្យ​កូន​ត្រូវ​ពឹង​ផ្អែក​ លើ​ស្ថា​ន​ភាព​ពិត​ តាម​ទី​កន្លែង​នី​មួយៗ ។ ជាក់​ស្តែង​អ្នក​មិនចង់​ឱ្យ​បុត្រ​ធី​តា ​​ចេញ​ដើរ​លេង​​ខាង​ក្រៅ​​ផ្ទះ ​ដោយ​ខ្លួ​ន​ទទេ ដូច្នេះ​អ្នក​អាច​​ផ្តល់ជា​ជម្រើស​ ឱ្យ​ពួកគេ​ដោយ​សួរ​ថា ​«​អាវ​ដៃវែង ​និង​ដៃ​ខ្លី​កូន​ពាក់​មួយណា?» ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter