ហង្ស ពិសី និងស៊ិន សុម៉ាលី គេចខ្លួនបាត់ នៅអាមេរិក ពេលទៅសម្តែង
|
July 10, 2013 (13:07:12)
|
[ 637 ] |
|
|
|
|
បន្ទាប់ពីចេញទៅសម្តែងនៅសហរដ្ឋអាមេរិករយៈពេល៣ខែ តារាចម្រៀង២រូបគឺ នាង ហង្ស ពិសី និងនាង ស៊ិន សុម៉ាលី មិនឃើញវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញឡើយ បើទោះបីជាតារាដែលបានចេញសម្តែង ជាមួយអ្នកទាំងពីរដូចជាលោក សុះ ម៉ាច និងលោក ណូយ វ៉ាន់ណេត បានវិលត្រឡប់មកវិញតាមកាលកំណត់ក៏ដោយ ។
តារាចម្រៀងទាំងពីរដួងនោះមិនបានបំពេញការសម្តែងចប់សព្វគ្រប់ឡើយ បន្ទាប់ពីពួកគេលបលួចរៀបការជាមួយបុរសនៅទីនោះ ដើម្បីមានឱកាសបានសិទ្ធិជ្រកកោននៅអាមេរិក ។ សមាគមសិល្បៈខ្មែរនៅសហរដ្ឋអាមេរិក បានត្រៀមរៀបចំឯកសារមួយចំនួនដាក់នៅតាមស្ថានទូតនានា និងប្តឹងសមត្ថកិច្ចនៅទីនោះ ដើម្បីស្វែងរកចាប់ខ្លួនតារាចម្រៀងនាង ហង្ស ពិសី និងនាង ស៊ិន សុម៉ាលី បញ្ជូនមកប្រទេសកម្ពុជាវិញ ។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ និងជាអ្នករួមដំណើរចេញទៅសម្តែងនៅសហរដ្ឋអាមេរិកជាមួយតារាចម្រៀងទាំងពីរដួងនោះ អះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី៩ កក្កដា ឆ្នាំ២០១៣ថា សមាគមសិល្បៈខ្មែរនៅសហរដ្ឋអាមេរិកបានផ្តល់ដំណឹងពីការគេចខ្លួនរបស់តារាចម្រៀងទាំងពីរនាក់ និងបានសហការជាមួយរូបលោកដើម្បីចាត់ការទៅលើរឿងនេះ ។ ការគេចមិនព្រមត្រឡប់មកប្រទេសកម្ពុជាវិញតាមកាលកំណត់ និងបានលួចរៀបការដោយស្ងាត់ៗរបស់តារាចម្រៀងទាំងពីរនាក់នោះ គឺជាករណីរំលោភច្បាប់ និងរំលោភលើកិច្ចសន្យា ដែលតាមច្បាប់ អ្នកទាំងពីរត្រូវសងប្រាក់ទៅសមាគមសិល្បៈខ្មែរនៅសហរដ្ឋអាមេរិកក្នុងម្នាក់ចំនួន៥ម៉ឺនដុល្លារ ដែលសំណងនេះជាថ្លៃជំងឺចិត្តចំពោះតារាចម្រៀងទាំងពីរ ដែលបានគេចមិនសម្តែងតាមការកំណត់ ។
លោក សុះ ម៉ាច បន្ថែមថា បច្ចុប្បន្ន លោក និងសមាគមសិល្បៈខ្មែរនៅរដ្ឋឡូវែល សហរដ្ឋអាមេរិក កំពុងតែពិភាក្សាគ្នាចាត់ការនៅក្នុងរឿងនេះ ហើយសមាគមសិល្បករខ្មែរនឹងចេញសេចក្តីប្រកាសដកតារាទាំងពីរនាក់នោះចេញពីសមាជិករបស់សមាគម ។
ប្រធានសមាគមសិល្បករខ្មែររូបនេះ បានចាត់ទុកអំពើរបស់នាង ហង្ស ពិសី និងនាង ស៊ិន សុម៉ាលី ជាការខុសឆ្គងបំផុត និងជាអំពើដែលខុសច្បាប់ ដែលវាអាចជះឥទ្ធិពលអាក្រក់ដល់សិល្បករខ្មែរដទៃទៀត ដែលមានបំណងចេញទៅសម្តែងនៅសហរដ្ឋអាមេរិក ។ លោកបានសម្តែងការសោកស្តាយ និងបានព្រមានមិនអាចអត់ឱនចំពោះអំពើដែលតារាទាំងពីរនាក់នោះបានប្រព្រឹត្តឡើយ ។
លោក សុះ ម៉ាច និយាយថា នៅពេលដល់ថ្ងៃកំណត់រូបលោកបានវិលមកកាន់ប្រទេសកម្ពុជាមុន ខណៈពេលនាង ហង្ស ពិសី និងនាង ស៊ិន សុម៉ាលី នៅបន្តទិដ្ឋាការសម្តែងរយៈពេលមួយខែទៀត ។ ទោះជាយ៉ាងណាក្តី នៅក្នុងខណៈពេលនោះ ពួកនាងមិនបានធ្វើតាមកិច្ចសន្យាឡើយ ដោយបានគេចទៅរៀបការដោយលួចលាក់ក្នុងគោលបំណងមានសិទ្ធិរស់នៅទីនោះ ។ លោក សុះ ម៉ាច បញ្ជាក់ថា ការរស់នៅមិនស្របច្បាប់របស់តារាចម្រៀងទាំងពីរនាក់នៅសហរដ្ឋអាមេរិក គឺមិនអាចគេចផុតពីសំណាញ់ច្បាប់ប្រទេសនោះឡើយ ពោលគឺពួកនាងនឹងត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ ប្រសិនបើ FBI ស្វែងរកឃើញកន្លែងដែលពួកនាងកំពុងលាក់ខ្លួននោះ ហើយពួកនាងនឹងត្រូវដកសិទ្ធិមិនឱ្យចេញទៅអាមេរិកជារៀងរហូត ។
លោកប្រធានសមាគមសិល្បករខ្មែរនិយាយថា «យើងបានព្យាយាមពន្យល់ពួកគេឱ្យវិលត្រឡប់មកស្រុកខ្មែរសិន តែពួកគេមិនបានស្តាប់យើងឡើយ ហេតុនេះយើងមិនអាចអនុគ្រោះបានឡើយនូវអំពើដែលពួកគេបានធ្វើនេះ ។ ប្រសិនបើយើងអនុគ្រោះដល់ពួកគេ គឺវាអាចជះឥទ្ធិពលមិនល្អដល់សិល្បករខ្មែរដទៃទៀត ដែលត្រូវចេញទៅសម្តែងនៅអាមេរិក ដោយសារគេអាចនឹងពិបាកចេញលិខិតឆ្លងដែនឱ្យយើង» ។
ក្នុងនាមប្រធានសិល្បករខ្មែរ លោក សុះ ម៉ាច អំពាវនាវដល់នាង ហង្ស ពិសី និងនាង ស៊ិុន សុម៉ាលី វិលមកកាន់ប្រទេសកម្ពុជាវិញនៅមុនពេលដែលលិខិតឆ្លងដែនរបស់ពួកនាងមិនទាន់ផុតកំណត់ ។ ប្រសិនបើមិនវិលត្រឡប់មកប្រទេសកម្ពុជាវិញទេនោះ ពួកនាងនឹងប្រឈមមុខពីការប្តឹងក្នុងការរស់នៅសហរដ្ឋអាមេរិកដោយមិនស្របច្បាប់ ដែលអាចនឹងមានទោស ដោយត្រូវគេចាប់បញ្ជូនមកស្រុកខ្មែរវិញ ហើយនឹងគ្មានឱកាសបានវិលត្រឡប់ទៅរស់នៅជាមួយស្វាមីនៅទីនោះបន្តទៀតឡើយ ។ លោក សុះ ម៉ាច បានអំពាវនាវដល់ក្រុមគ្រួសាររបស់តារាទាំងពីរនាក់នោះឱ្យជួយពន្យល់ និងបញ្ចុះបញ្ចូលពួកនាងឱ្យត្រឡប់មកកម្ពុជាវិញ ហើយត្រូវធ្វើលិខិតឱ្យបានត្រឹមត្រូវតាមច្បាប់ ប្រសិនបើមានបំណងចង់រស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់នោះ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|