. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
ជីវប្រវត្តិប្រជា​ប្រិយ​ភាព របស់​លោក ស៊ីន​ ស៊ីសាមុត
June 08, 2014 (11:30:16) [ 695 ]
 
 
ប្រជាប្រិយភាពរបស់​លោក ស៊ីន-ស៊ីសាមុត មិនបានធ្វើឱ្យចុះ​​​ទន់ខ្សោយកិត្តិនាម​​​​របស់អ្នក​ចម្រៀង​ដទៃ​​ទៀតដូចជា លោក អ៊ឹម-សុងសឺមនិង អ្នកស្រីហួយ-មាស ដែលច្រៀងឱ្យវិទ្យុជាតិ​នាសម័យ​នោះទេ។ លោក មាស-ហុកសេង អ្នក​សិល្បៈចម្រៀងនៅ​មហាវិទ្យាល័យវិចិត្រសិល្បៈ​ភ្នំពេញ​(សាលារចនា) មានកិត្តិនាមល្បីតាម​​រយៈបទលលកញី​ឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិសព្ទរបស់តារា​ចម្រៀងល្បីៗទាំងនេះបានដោយ​សារ​ទឹកដៃ​និពន្ឋ​​រ​បស់កវី ម៉ា-ឡៅពី ដែលបាន​និពន្ធបទល្បីៗ​ដូចជាបទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញី​ឈ្មោល ជាដើម។

កុមារភាព

លោក ស៊ីន-ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុស​ពៅនៃ​បណ្ដា​បងប្អូន៤នាក់​ (ប្រុស២ ស្រី២) របស់ លោក ស៊ីន-លាង និងអ្នកស្រី ស៊ីន-ប៊ុនលឿ ដែលជាកូន​កាត់​ឡាវ-ចិន។ លោកឪពុករបស់លោក​​ជាឆ្មាំយាមពន្ឋនាគារ​​នៅខេត្តបាត់ដំបងនិងជា ទាហានបដិវដ្តន៍ប្រឆាំង​​អាណានិគមបារាំង។ លោកឪពុក របស់លោក​​បានលាចាកលោក​​ដោយជំងឺ ហើយម្តាយរបស់លោក​​ក៏​រៀបការ​ម្តងទៀត ដែលអាពាហ៍​ពិពាហ៍ក្រោយនេះ​​បន្សល់ទុកនូវកូន២​​នាក់​ទៀត។

លោក ស៊ីន-ស៊ីសាមុត បានចូលរៀន​​នៅសាលាបឋម​​សិក្សាទីរួមខេត្តស្ទឹង​​ត្រែងពេលអាយុ​​៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់​​ចូលចិត្តពីគ្រូ និងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយ​សិល្បៈតាំងពី​អាយុ៦ឬ៧​ឆ្នាំ​ដោយចូលចិត្ត​កូតទ្រ ដេញហ្គីតា និងចាប៉ី។ ជាញឹកញាប់​​លោកត្រូវបាន​​សាលាសុំ អោយលេងហ្គីតា​ក្នុងពិធីបុណ្យ​ផ្សេង​ៗ​នៅសាលា។ កាលពីកុមារ លោកជាក្មេង​​សុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិត​​អាសូរអ្នកដទៃ។ គេ​និយាយថា លោកនិយាយទៅ​កាន់មនុស្សគ្រប់គ្នា​​​ដោយសំដំទន់ភ្លន់​ និងផ្អែមល្ហែម។ លោកតែងទៅ​​​លេងវត្តនៅក្បែរ​ផ្ទះ​ជា​ញឹកញាប់​ និងបាននិយាយលេង​​ជាមួយព្រះសង្ឃ​នាពេល​​ទំនេរ។ លោកមាននិស្ស័យ​​នឹងព្រះពុទ្ឋសាសនា ដោ​យ​លោកបានសុំរៀនភាសា​​បាលីពីភិក្ខុមួយអង្គ។ លោកចូល​​ចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។ ចំ​ពោះ​ការ​បរិភោគចូល​​ចិត្តញ៉ាំតែម្ហូបគោក មានសាច់ មិនចូល​​ចិត្តញ៉ាំបន្លែទេ ។ពងទាចៀនជាម្ហូបដែល​គេចូលចិត្តញ៉ាំ​ជាប្រ​ចាំ ។

លោកបញ្ចប់ការសិក្សាចំណេះ​​ទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បាន​​បន្តការសិក្សានៅសាលា​​វេជ្ជសាស្ត្រ​នៅភ្នំពេញ​ដោ​យស្នាក់នៅជាមួយ​​ឪពុកមា​​របស់លោក។ ទោះជាមមាញឹក​​នឹងកិច្ចការ​រៀនសូត្រនៅ​សាលាវេជ្ជសាស្ត្រ​យ៉ាង​ណាក៏​ដោយ លោកនៅ​​អាចឆ្លៀតពេលទំនេរ​​ដើម្បីរៀនច្រៀង និងនិពន្ធបទ​​ភ្លេង​ដែរ។ ក្នុងកំឡុងពេល​​នោះ​​លោកកម្រ​​ចេញ​ទៅដើរលេងខាង​​ក្រៅណាស់ ដោយសារប្រាក់​​ឧបត្ថម្ភពីមាតាបិតាលោក​​​គ្រប់គ្រាន់ ល្មមសម្រាប់ចាយ​វាយក្នុងការ​សិក្សា​ប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំណាយ​​ពេលទំនេររបស់លោក​​ដើម្បីសិក្សាបទភ្លេង និងហាត់ច្រៀង។ ដោយ​មានការគាំទ្រពីមិត្តភក្ដិដូច​​កាលពីនៅបឋមសិក្សា​​ឋានដែរ លោកចាប់ផ្តើមល្បី​​នៅសាលារបស់​លោកថា​ ជាអ្នកមាន​ទេពកោសល្យខាង តន្ត្រីនិង​​ចម្រៀង ហើយលោកត្រូវបាន​​គេសុំអោយច្រៀងនៅ​​រាល់កម្មវិធីរបស់​​សាលា។ នៅឆ្នាំ​ដដែលនោះ លោកបានបង្កើត​​ក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មី ដែលមានសមាជិក​​៩នាក់។ មិនយូរប៉ុន្មាន​​ក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបាន​​ការគាំទ្រពេញនិយម​​ពីសំណាក់ ប្រជាពលរដ្ឋ​ក្រុងភ្នំពេញ។

ដោយមានភាពល្បី​ល្បាញ​នេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោក​​ត្រូវបានវិទ្យុជាតិអញ្ជើញ​​​អោយចូលប្រគុំ រួមជាមួយក្រុម​តន្ត្រី​វិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តិសព្ទរបស់​​លោកចាប់ផ្ដើមល្បី​ពាសពេញ​​ភ្នំពេញ លោកក្លាយ​ជាអ្នក​​ចម្រៀង​ពាក់កណ្ដាលអាជីព ដោយជារឿយៗ​​លោកតែង​ចេញច្រៀងតាមវិទ្យុ​និងពិធី​​មង្គលការផ្សេងៗ។ ជាអកុ​សល មាតា​បិតារបស់លោកមិន សប្បាយចិត្ត​​នឹងឮលោកច្រៀង​តាមវិទ្យុទេ។ មាតាបិតារបស់លោក​​ចង់អោយលោក​ក្លាយជា​វេជ្ជ​បណ្ឌិត និងបារម្ភថា ចម្រៀងនឹងរំខានដល់ ការសិក្សារបស់​​លោក។ ប៉ុន្តែ​ វាសនាបាន​ចារថាលោក ស៊ីន-​ស៊ី​សាមុត​ត្រូវ​តែក្លាយ​​ជាអ្នកចម្រៀង ទោះជាមានការ​​​ជំទាស់ពីគ្រួសារក៏ដោយ។

អាជីពជាសិល្បករ

ពេលដែលកម្ពុជាបានទទួលឯករាជ្យ​​បរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជា​​​សិល្បកររបស់លោក ដោយក្លាយជាអ្នក​​ចម្រៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ លោកបន្តការ​​សិក្សា​វេជ្ជសាស្ត្ររហូត​​ដល់ចប់ និងចូលបម្រើ​ការងារនៅ មន្ទីរពេទ្យព្រះ​​កេតុមាលា។ លោក ស៊ីន-ស៊ីសាមុត​និពន្ធបទ​​ភ្លេងដោយប្រើម៉ង់​​ដូលីន។ បទចម្រៀង​របស់​លោកជាទូទៅ មានលក្ខណៈ​​មនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពី​​ស្នេហាសុភមង្គល ឈឺចាប់ និង​ស្រមើស្រមៃ។

ទេពកោសល្យសិល្បៈ របស់លោកបាន​​ដោយការព្យាយាមដុសខាត់ទេព​​កោសល្យពីកំណើតរបស់លោក។ គេ​និយា​យថា លោកបានប្រើ​​ប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់​​តែចង់មើលតើពាក្យ​មួយ​​សរសេរត្រឹមត្រូវឬអត់ក្នុងភា​សាខ្មែរ សំស្ក្រឹត និងបាលី។

ចម្រៀងភាគច្រើនរបស់លោក​ផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់តែងតែ​យករឿងរ៉ាវផ្ទាល់​ខ្លួនគេ មាន​ទាំងស្នេហា និងការបាត់បង់ សប្បាយ និងឈឺចាប់ សម្រាប់ឲ្យលោក​ស៊ីន-ស៊ីសាមុតនិពន្ធចម្រៀង​ដោយ​ផ្អែកលើរឿងពិតនេះ។ ហេតុនេះអត្ថន័យ​​ក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់​មិត្តអ្នកស្ដាប់របស់​លោក​។ ពេលដែលលោក​ច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់​គឺ​​ ច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្នក្នុង​ការបញ្ចេញសំឡេងអោយ​ត្រឹមត្រូវ​តាម​​ការសរសេរ ដោយមិនប្រើ​​សំនៀងក្នុងភាសា​​និយាយទេ។

សំនៀងដ៏ក្រអួន​​មានទឹកដម ហើយអាចបត់​បែនកាច់កុងតាមតែ​​លោកចង់បាន មិនភ្លាត់មិនភ្លាវហើយ​ខ្យល់សំនៀង​ដាក់ត្រូវតាមអត្ថន័យបទ​​នីមួយៗប្លែកៗ​គ្នា​ទៀតផង ។ ចំណុចលេចធ្លោ​​មួយទៀតនៃសំនៀង​​របស់លោកគឺណែន ពីរោះ ច្បាស់ គ្មានបន្លំ គ្មានលួចបំភ័ន្តអ្នក​ស្តាប់មួយពាក្យ ឬមួយឃ្លា​​ណាឡើយ ។ សូរសព្ទសំនៀង ដែលលោក​​បន្លឺពេញចំជាពាក្យខ្មែរត្រូវតាម​​អក្ខរាវិរុទ្ធ ហើយ​អ៊ឺនសំឡេង​​ទៀតសោតទោះជាដាក់​​ទាបឬលើកខ្ពស់ ក៏លោករក្សា​បាននូវ​​ក​ម្រិតសំឡេងដដែល​​ហាក់គ្មាន​ប្រឹងបង្ខំ​បន្តិចណា​ឡើយ ។

ដោយសារសំឡេងទន់ត្រជាក់​​ណែនក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត កាន់តែពីរោះឈ្មោះ​របស់លោកបាន​កាន់​តែលេចត្រដែតក្នុង​​ចំណោមមហាជន ទើបនៅដើម​​ទសវត្សរ៍៥០ លោកបានត្រូវ​​ម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន​​សព្វព្រះរាជ​ហឫទ័យអនុញ្ញាត​​​អោយលោកចូលក្នុងវង់​​ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះ​​មានលោក សុះ-ម៉ាត់ដែរ ដើម្បីសំដែងក្នុង​ពិធីគារវកិច្ច ក៏ដូចជាលៀង​​សាយភោជន៍ផ្សេងៗ។ លោកស្ថិតនៅក្នុង​​វង់ភ្លេងនេះរហូតដល់​​ឆ្នាំ១៩៧០។ ក្រៅពីច​ម្រៀ​ង​សម័យ លោកក៏ច្រៀង​​ចម្រៀងបុរាណនិងប្រពៃណី​​ដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបា​សាក់ផងដែរ។

នៅពាក់កណ្ដាល​ទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋ​​ដោយតន្រ្តីករវីយូឡុង ហាស់-សាឡន បានជំរុញ​កិត្តិសព្ទលោក ស៊ីន-ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចម្រៀងល្បីៗរបស់លោក ស៊ិន-ស៊ីសាមុត នៅសម័យ​នោះមាន បទស្រីស្រស់ក្មេង បទអនុស្សាវរីយ៍​​ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃ​មួយ​កក្កដា បទសម្រស់ឆ្នេរកែប បទស្ទឹងពោធិ៍សាត់ និង បទព្រែកឯង​​អស់សង្ឃឹម ជាដើម។

ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍៦០

នៅឆ្នាំ ១៩៦៣ លោក ស៊ីន-ស៊ីសាមុត ចាប់ផ្តើមថត​​ចម្រៀងអោយផលិត​កម្មវត្តភ្នំ។ បទចំប៉ា​បាត់ដំបង បានឆក់​យកបេះដូងអ្នកស្តាប់​​នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍​​មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍​សាធារណរដ្ឋ អ្នកសម្ភាសន៍លោក​​បានរំលឹកឡើងថា បទចំប៉ា​​បាត់ដំបង នេះជាបទដំបូងគេ​បង្អស់ដែលចាក់ផ្សាយ​តាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរ​​ពិធីសម្ភោធ​ស្ថានីយ៍​​របស់ខ្លួន​នៅឆ្នាំ១៩៦៥។

កិត្តិសព្ទរបស់លោកឡើង​​ដល់កំពូលនៅ​​ពាក់កណ្តាលទសវត្សរ៍៦០។ លោកបាន​​ចូលរួមថត​បទចម្រៀងថ្វាយ​ព្រះបាទ​នរោត្តម-សីហនុ ដូចជា បទរាត្រីដែល​​បានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថត​​បទចម្រៀងដាក់ក្នុងភាពយន្តពេញ​និយមមួយចំនួន​​នាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស ដឹកនាំថត​​​ដោយលោក ទា-លឹមកាំង សំដែងដោយ លោក ជា-យុទ្ធថន និង អ្នកស្រី ឌី-សាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន-ស៊ីសាមុត កាន់តែធ្វើអោយ​​ផ្ទៃរឿងកាន់​តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត (សំដែងដោយ លោក ជា-យុទ្ធថន) ចេញទូកចាកចោល​នាងពៅឈូកស ​(សំដែងដោយ​​អ្នកស្រី ឌី-សាវ៉េត)​អោយនៅ​​កណ្តោចកណ្តែង។

នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់​​ថតបទចម្រៀងឆ្លងឆ្លើយ​​ជាមួយអ្នកចម្រៀងស្រីជា​​ច្រើនមាន​ដូចជា អ្នកស្រី ម៉ៅ-សារ៉េត អ្នកស្រី កែវ-សិដ្ឋា អ្នកស្រី ឈុន-វណ្ណា អ្នកស្រី ហួយ-មាស អ្នកស្រី រស់-សេរីសុទ្ធា និង អ្នកស្រី ប៉ែន​-រ៉ន។ អ្នកស្រី ម៉ៅ-សារ៉េត ជាអ្នកចម្រៀង​​ស្រីដែលមានឈ្មោះល្បី​​ទូទាំង​ប្រទេសដំបូងគេ​​ចាប់ពីកម្ពុជាបាន​​ឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រ​​ក្រោមខ្នើយ និងបទអោយអូន​​អស់ចិត្ត។ អ្នកស្រី ប៉ែន-រ៉ន ចាប់ផ្តើមថត​ចម្រៀង​ជាមួយលោក ស៊ីន-ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីព​​សិល្បៈករ​​នៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំឡេងស្រួយស្រេះ​របស់អ្នកស្រីសក្តិសមឥតខ្ចោះ​ជាមួយសំឡេងធ្ងន់​​ក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត។

ស្នេហា អាពាហ៍ពិពាហ៍ និង គ្រួសារ

លោកស៊ីន-ស៊ីសាមុត មិនដែល​​មានទំនាក់ទំនងស្នេហា​​អោយបានច្បាស់លាស់​​ជាមួយអ្នកណាទេ។ ដោយសារតែ​លោកមានមហិច្ឆតា​ខ្ពស់ ​និងបូជាខ្លួនសម្រាប់​​ចម្រៀង ហេតុនេះលោក​មិនមានពេលសម្រាប់​មានស្នេហាផ្អែម​ល្អែម​ទេ។ ទំនាក់ទំនងរបស់លោក​​ជាមួយស្រីៗ ទំនងជាគ្រាន់​​តែត្រឹមជាមិត្ត​​ជាជាងស្នេហា។

លោកស៊ីន-ស៊ីសាមុត​រៀប​​អាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់​​ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍​ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយ​​ជាមួយលោក​​តាមការចាត់ចែង​​របស់មេបា។ ពួកលោក​មាន​បុត្រាបុត្រី​​៤​នាក់។ បន្ទាប់ពីសម័យ​​ខ្មែរក្រហម មានតែកូនស្រីម្នាក់​ និងកូនប្រុសម្នាក់ទេដែល​​រស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោក​​ចាប់មានភាពរកាំរកូតដោយ​​សារ​សម្ពាធពីអាជីព និងកេរ្តិ៍ឈ្មោះរបស់​​លោក។ ភរិយារបស់​លោកបានចាកចោល​​លោកទៅបួស​​ជាដូនជី ពេលលោកស្រី​មានអាយុ៣០ឆ្នាំ។

ទោះបីជាលោកស៊ីន-ស៊ីសាមុត​​​មានទេពកោសល្យ ​និងធ្វើការខ្លាំងផ្នែក​​ចម្រៀង និងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់​លោកមានកម្រិតមធ្យម បើប្រៀបធៀប​​នឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោក​ជាអ្នកចម្រៀងមាន​ប្រជាប្រិយបំផុត​នៅសម័យនោះ​​ក៏ដោយ ក៏លោកមិនអាច​​ក្លាយជាអ្នកមានមហាសាល​​ម្នាក់ដែរ។ លោកមាន​​ជីវភាពមធ្យម ដោយសារ​តែទេពកោសល្យ​ និងការងារចម្រៀង និងតន្ត្រីរបស់លោក​​សុទ្ធសាធ គ្មានចំណូលអ្វីមក​ពីក្រៅទៀតទេ។ លុយកាក់​របស់លោកត្រូវបាន​​ស្វះស្វែងរកដោយ​​សេចក្តីព្យាយាម និងសន្សំសំចៃរហូត​ដល់លោកសង់បានវីឡា​ធុនមធ្យមមួយ​នៅទួលទំពូង។ ប៉ុន្តែប្រាក់ចំណូល​​របស់លោកអាចអោយ​​លោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវ​ផ្ទៃ​មេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។

ជាទូទៅ ជីវិតរបស់លោកគឺ​ សាមញ្ញណាស់ ដោយចំណយ​​ពេលភាគច្រើនសម្រាប់​​ធ្វើការងារ។ ដោយសារតែប្រាក់​ចំណូលបានពីសិល្បៈ​របស់លោក​មាន​​កម្រិតមធ្យម លោកបានហាមប្រាម​កូនៗរបស់លោកមិន​អោយចាប់អាជីពជា​សិល្បករចម្រៀងតន្ត្រីទេ។ លោកបានពន្យល់​​ដល់លោក ស៊ីន-ច័ន្ទឆាយ៉ា ដែលជាកូន​​ប្រុសរបស់លោកថា អាជីពជា​អ្នក​ចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់​​លោកបង្ហាញទេពកោសល្យ​ផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន-ស៊ីសាមុតមិន​ដែលជួយលើកទឹកចិត្ត​​​ឬជួយបង្ហាត់បង្រៀនកូន​​ៗ​ពីសិល្បៈតន្ត្រី និងចម្រៀងដែរ។

បទចម្រៀងរបស់លោកមួយ​​ចំនួនមានទាក់ទិននឹង​រឿងរ៉ាវជីវិតរបស់​លោកផ្ទាល់ដែល​លោកបានចងក្រង​សម្រាប់រូប​លោក ហើយបទមួយ​​ចំនួន​​ក៏ជាសាច់រឿងរបស់​​មិតភក្តិរបស់លោក ដែលបាន​ស្នើសុំឱ្យ​លោកជួយធ្វើបទ​សម្រាប់ជា​អនុស្សាវរីយ៍របស់​ជីវិតដែរ ។

បទឧត្តមដួងចិត្ត លោកឆាយាជាកូនបានអះអាង​​ថាជាបទអនុស្សាវរីយ៍​យ៉ាងជ្រាលជ្រៅរបស់​ឪពុកលោកនិងម្តាយ​របស់លោក ក្នុងរយៈពេលដែល​​លោកទាំងពីរមាន​ទំនាស់នឹងគ្នា ហើយម្តាយលោកបាន​ចុះចោលលោកក្នុង​រយៈពេល​យ៉ាងយូរធ្វើឱ្យលោកតែងបទចម្រៀងនេះឡើង ក្នុងបំណងបង្ហាញពីចិត្ត​ដែលពោរពេញដោយវិប្បដិសារីរបស់លោក ។
បទអូនជាទេវីដួងចិត្ត ជាបទដែលរៀបរាប់ពីការ​ស្រឡាញ់របស់លោក​ចំពោះនារីម្នាក់ដែល​មានឋានៈខ្ពស់ឆា្ងយ​ពីលោក ហើយលោក​បានរក្សាយ៉ាង​សមា្ងត់ក្នុងដួងចិត្ត។
បទមិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ ជាបទចម្លង​​ក្លាយពីបទ​​អន្តរជាតិ តែលោកក៏ចង់​សំដៅដល់នារីម្នាក់​ដែលបាន​រួមរស់ជាមួយលោក​​មួយរយៈពេល ហើយបានបែក​​​ទៅដោយសារខ្វះ​​ភក្តីភាពនឹងលោក ។
បទស្លឹកឈើ ជាបទរបស់លោក​​ឧត្តមសេនីយ៍ សាក់-ស៊ុតសាខន តែជាបទ​​ដែលលោក ស៊ិន-ស៊ីសាមុត បាន​ល្បីឈ្មោះស្មើនឹងបទ​​សំរោងចុងកាល់របស់​​លោក ហាស់-សាឡន ដែរ ។
បទចាំជួបរាល់ថៃ្ងលិច ជាបទដែលតែងដោយ​​លោក វ៉ោយ-ហូរ កំពុងតែតាម​​ស្រឡាញ់នាងតារា-ចោមច័ន្ទ ។ តែបទនេះសំឡេង​​ម៉ុងដូលីនក្បាលបទ គឺជាស្នាដៃរបស់​​លោក ស៊ិន-ស៊ីសាមុត ដេញដោយខ្លួន​លោកផ្ទាល់ មុននឹង​ចាប់ផ្តើមវគ្គទីមួយ ។
បទចម្រៀងឥតព្រាងទុក គឺជាអនុស្សាវរីយ៍​​របស់លោក ពៅ-ស៊ីផូ ជាមិត្តរបស់លោក​​ពេលជួបស្រី ម្នាក់នៅក្នុងរង្គ​សាល​ដោយចៃដន្យ។បទនេះត្រូវបាន​​លោកយកទៅកសាង​​ជាខ្សែភាពយន្តមាន​​ឈ្មោះថា ចម្រៀងឥតព្រាងទុក​​ដែល​សម្តែងដោយ​​លោក ជា-យុទ្ធថន អ្នកស្រី វីជ្ជរ៉ា-ដានី អ្នកស្រី រស់-សេរីសុទ្ធា ផលិតដោយ​​ខ្លួនលោក ស៊ិន-ស៊ីសាមុត ផ្ទាល់ និងបានបញ្ចាំងនៅ​​រោងភាពយន្ត​​ហេមជាតិ ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter