. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ល្បុក្កតោ​និង​យុទ្ធ​ក្រម​ខម​ ប៉ះ​គ្នា​ក្នុង​រឿង​ហ្លួង​ព្រះស្ដេច​កន
February 10, 2016 (05:00:34) [ 568 ]
 
 
រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​លើក​ទី​១ ដែល​កីឡាករ​នៅ​ក្នុង​សហព័ន្ធ​២​ដែល​កាលពីមុន​បាន​ពើបប្រទះ​នូវ​រឿង​ចម្រូងចម្រាស​ជាមួយ​គ្នា ព្រោះតែ​ដណ្ដើម​តំណែង​មេ​ក្បាច់គុន​របស់​ខ្មែរ​ត្រូវ​បាន​ផលិតករ​ភាពយន្ត​ផ្ដល់​ឱកាស​ឲ្យ​សម្ដែង​រឿង «​ហ្លួង​ព្រះស្ដេច​កន​» ជាមួយ​គ្នា ។ មានការ​អះអាង​ថា កីឡាករ កីឡាការិនី ជា​អ្នកជំនាញ​ផ្នែក​ល្បុក្កតោ និង​យុទ្ធ​ក្រម​ខម​យ៉ាងច្រើន​កុះករ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​សម្ដែង​ក្នុង​រឿង​នេះ ក្នុង​ពេល​ដែល​រឿង​«​ហ្លួង​ព្រះស្ដេច​កន​»​ក៏​ជា​រឿង​ប្រវត្តិសាស្ត្រ​គ្រោង​ចំណាយ​អស់​ជាង​១​លាន​ដុល្លារ និង​ជា​រឿង​ខ្មែរ​លើក​ដំបូង​ដែល​មានការ​ចាប់អារម្មណ៍​ខ្លាំងក្លា​ពី​ស្រទាប់​មហាជន ។

ប្រភព​ពី​ក្រុម​អ្នក​រៀបចំ​ថត​បាន​អះអាង​ថា ក្រុមហ៊ុន LYP របស់​លោក​ឧកញ៉ា​លី យ៉ុ​ង​ផាត់ ដែល​ជា​អ្នក​បោះទុន​ផលិត​រឿង​«​ហ្លួង​ព្រះស្ដេច​កន​» បាន​ប្រមូលផ្ដុំ​កីឡាករ កីឡាការិនី​នៅ​ក្នុង​វិស័យ​ល្បុក្កតោ និង​យុទ្ធ​ក្រម​ខម​ច្រើន​នាក់​ណាស់​ដើម្បី​ឲ្យ​ចាប់ដៃ​គ្នា​សម្ដែង​នៅ​ក្នុង​រឿង​នេះ​។ តម្រូវការ​ដ៏​ច្រើន​លើសលប់​នេះ គឺ​ដោយសារ​តែ​រឿង​ហ្លួង​ព្រះស្ដេច​កន ជា​ប្រភេទ​រឿង​ប្រវត្តិសាស្ត្រ​ក្នុង​សឹកសង្គ្រាម​ដែល​អ្នកជំនាញ​ខាង​ផ្នែក​ល្បុក្កតោ និង​យុទ្ធ​ក្រម​ខម សុទ្ធតែ​ត្រូវ​បាន​ប្រមូល​ឲ្យ​មក​សម្ដែង​ជុំ​គ្នា​ទាំងអស់ ដើម្បី​ឲ្យ​រឿង​ទាំងមូល​ពោរពេញ​ដោយ​ភាព​រស់​រវើក និង​ត្រូវ​តាម​សាច់​រឿង​ប្រវត្តិសាស្ត្រ​។ នៅ​ក្នុង​រឿង​នេះ តារា​ល្បី​ៗ​មិន​ត្រូវ​បាន​យក​មក​លើកតម្កើង​នោះ​ទេ ក្រៅពី​តួអង្គ​លោក​ទេព រិ​ន​ដា​រ៉ូ ដែល​ត្រូវ​សម្ដែង​ជា​តួអង្គ​ព្រះបាទ​ស្រី​សុគន្ធ​បទ និង​តួអង្គ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​គេ​ឲ្យ​សម្ដែង​ជា​តួអង្គ​ផ្សេង​ៗ ។ ប៉ុន្តែ​បើ​ក្រឡេក​មើល​តួអង្គ​ដែល​ផុស​ចេញពី​វិស័យ​កីឡា​វិញ គឺ​មាន​បរិមាណ​យ៉ាងច្រើន​កុះករ​តែ​ម្ដង ជា​ពិសេស​គឺ​កីឡាករ​ដែល​ជ្រក​ក្នុង​សហព័ន្ធ​ល្បុក្កតោ​កម្ពុជា និង​យុទ្ធ​ក្រម​ខម ។

ជា​ឧទាហរណ៍​តួអង្គ​ហ្លួង​ព្រះស្ដេច​កន គឺ​សម្ដែង​ដោយ​កីឡាករ​រស់ សោ​ភ័​ណ្ឌ ដែល​ជា​ជើងឯក​ខាង​ផ្នែក​លើក​សាច់ដុំ ឬ​ផ្នែក​កាយ​វប្បកម្ម ខណៈ​ដែល​តួអង្គ​មេទ័ព សំខាន់​ៗ គឺ​សម្ដែង​ដោយ​កីឡាការិនី សម ថា​រ័​ត្ន ដែល​ជា​គ្រូ​ផ្នែក​ល្បុក្កតោ និង​កីឡាករ កីឡាការិនី​ជា​ច្រើន​នាក់​ទៀត​ដែល​សុទ្ធតែ​ជា​សិស្ស​គុន និង​ជា​គ្រូបង្វឹក​នៅ​ក្នុង​សហព័ន្ធ​យុទ្ធ​ក្រម​ខម​។ អ្នកជំនាញ​កីឡា​ទាំងនេះ​សុទ្ធតែ​ត្រូវ​បាន​គេ​លើក​ឲ្យ​សម្ដែង​ជា​តួអង្គ​ធំ​ៗ ដោយសារ​តែ​ក្នុង​រឿង «​ហ្លួង​ព្រះស្ដេច​កន​» គឺ​តួអង្គ​សំខាន់​ៗ លុះត្រាតែ​មាន​កាយសម្បទា​ធំ​ៗ និង​ចេះ​ក្បាច់គុន​ទើប​អាច​សម្ដែង​ត្រូវ ។

លោក​ទេព រិ​ន ដា​រ៉ូ បាន​អះអាង​ថា ក្នុង​ចំណោម​រឿង​ធំ​ៗ​ដែល​លោក​បាន​ថត លោក​ចាត់​ទុក​ថា​រឿង​«​ហ្លួង​ព្រះស្ដេច​កន​» គឺជា​រឿង​ទី​១ ដែល​ប្រមូលផ្ដុំ​ដោយ​កីឡាករ កីឡាការិនី​ច្រើន​ជាងគេ​មក​ពី​សហព័ន្ធ​ល្បុក្កតោ និង​យុទ្ធ​ក្រម​ខម​។ លោក​ថា កីឡាករ កីឡាការិនី​ទាំងនេះ​សុទ្ធតែ​ជា​តួអង្គ​បើកមុខ​សម្រាប់​ឈុត​សឹកសង្គ្រាម និង អ្នក​ជួយ​បង្ហាត់បង្ហាញ​ក្បាច់គុន​ដល់​តារា​សម្ដែង​ផ្សេង​ៗ​នោះ​ផង មុន​នឹង​ដំណើរ​សាច់​រឿង​ចេញ​ថត ។ មិន​ខុស​ពី​ការ​អះអាង​ថា នៅ​ក្នុង​ទីតាំង​ថត​ដែល​ស្ថិត​នៅ​តំបន់​ភ្នំ​តា​ម៉ៅ គេ​ឃើញ​មាន​សាងសង់​បន្ទាយ​ឫស្សី​ធ្វើ​ពី​ឈើ​ប្រវែង​ជាង​១០០​ម៉ែត្រ ដោយ​មាន​សកម្មភាព​ហ្វឹកហាត់ និង​ចេញ​ថត​តែ​ម្ដង ដោយ​មាន​ទ័ព​សេះ ទ័ពថ្មើរជើង ទ័ព​កាំភ្លើង​ធំ និង​ប្រើ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ចម្រុះ​ប្រភេទ ដោយ​តួអង្គ​ដែល​បាន​ចូល​សម្ដែង គឺ​ភាគតិច​ណាស់​មិនមែន​ជា​កីឡាករ និង​កីឡាការិនី ។ តួអង្គ​ភាគច្រើន​គឺ​មក​ពី​កីឡា​ល្បុក្កតោ និង​យុទ្ធ​ក្រម​ខម ទើប​ធ្វើ​ឲ្យ​សកម្មភាព​សម្ដែង​របស់​ពួក​គេ​លោត​ហក់​បាន​រស់​រវើក ។

បើ​ទោះជា​សហព័ន្ធ​ល្បុក្កតោ និង​យុទ្ធ​ក្រម​ខម​ធ្លាប់​បាន​ចម្រូងចម្រាស​គ្នា​រឿង​ប្រវត្តិសាស្ត្រ និង​ផលប្រយោជន៍ តែ​មានការ​អះអាង​ថា ពួក​គេ​ចាប់ដៃ​គ្នា​សម្ដែង​បាន​ល្អ ហើយ​ក្រុម​អ្នកកីឡា​ខ្លួនឯង​ក៏​ចាត់​ទុក​ថា នេះ​ជា​លើក​ទី​១​ដែល​ពួក​គេ​បាន​វេញ​គ្នា​ជា​ធ្លុង​មួយ​ក្នុង​សកម្មភាព​រួម​គ្នា ដើម្បី​រំលេច​ភាពយន្ត​ខ្មែរ​លើក​ដំបូង​គឺ​រឿង​«​ហ្លួង​ព្រះស្ដេច​កន​»​និង​បង្ហាញ​ពី​សាមគ្គីភាព និង​ភាព​ចុះសម្រុង​គ្នា​នោះ​ផង​ដែរ​។

លោក ម៉ៅ អា​យុទ្ធ ជា​អ្នកដឹកនាំ​រឿង​«​ហ្លួង​ព្រះស្ដេច​កន​» បាន​អះអាង​ថា នៅ​ក្នុង​រឿង​នេះ បើ​និយាយ​ពី​តួអង្គ​កីឡាករ និង​កីឡាការិនី គឺ​សឹងតែ​៨០%​នៃ​តួ​សម្ដែង​ទាំងមូល​ក្នុង​រឿង ដោយសារ​តែ​កីឡាករ​ល្បុក្កតោ និង​យុទ្ធ​ក្រម​ខម ត្រូវ​បាន​ប្រមូល​យក​មក​សម្ដែង​នៅ​ក្នុង​រឿង​នេះ​ស្ទើរ​មិន​សល់​ម្នាក់ ។ លោក​ថា ក្នុង​រឿង​ប្រវត្តិសាស្ត្រ​បែប​នេះ តួអង្គ​ធម្មតា​មិន​អាច​សម្ដែង​ល្អ​បាន​ទេ ជា​ពិសេស​អ្នក​មិន​មាន​សាច់ដុំ​ធំ​ៗ និង​មិន​ចេះ​ក្បាច់គុន​លោត​ហក់​សម្រាប់​ថត​ឈុត​សង្គ្រាម ។ ម្យ៉ាង​មក​ពី​កីឡាករ​នៅ​ក្នុង​វិស័យ​ល្បុក្កតោ និង​យុទ្ធ​ក្រម​ខម​មាន​អ្នកជំនាញ​ល្អ​ៗ ដែល​អាច​ថត​រឿង​បែប​នេះ​បាន​ល្អ​នោះ​ផង ទើប​ខាង​ផលិតករ​សម្រេចចិត្ត​អញ្ជើញ​ពួក​គេ​ឲ្យ​មក​ធ្វើតេស្ដ និង​យក​មក​ថត​តែ​ម្ដង ដោយ​គ្រូ​ជំនាញ​ម្នាក់​ៗ​ភាគច្រើន​គឺ​បាន​សម្ដែង​ជា​តួអង្គ​សំខាន់​ៗ​ក្នុង​រឿង ។ លោក​ថា ខ្សែ​រឿង​«​ហ្លួង​ព្រះស្ដេច​កន​» ចម្រុះ​ដោយ​កីឡាករ កីឡាការិនី​មក​ពី​គ្រប់​ផ្នែក​នៃ​កីឡា​ទាំងអស់ មិន​ថា​ផ្នែក​ប្រដាល់​ក្បាច់គុន​ខ្មែរ ផ្នែក​តេ​ក្វា​ន់​ដូ ឬ​ផ្នែក​កាយ​វប្បកម្ម​នោះ​ទេ ។

ទោះបី​យ៉ាងណា ធនធាន​តួអង្គ​ដែល​ជ្រើស​ចេញពី​កីឡា​ល្បុក្កតោ និង​យុទ្ធ​ក្រម​ខម គឺ​មាន​ចំនួន​ច្រើន​ជាងគេ ដោយសារ​តែ​កីឡាករ​ទាំងនោះ​មាន​កាយសម្បទា​ល្អ​ៗ ហើយ​មាន​ក្បាច់គុន​រស់​រវើក​អាចយ​កមក​ថត​បាន​ត្រូវ​នឹង​សាច់​រឿង ។ ម្យ៉ាង​មក​ពី​តួអង្គ​ទាំងនោះ​ចេះ​លេង​ទឹកមុខ​បាន​ល្អ ព្រោះតែ​ពួក​គេ​ភាគច្រើន​ធ្លាប់​លេង​កុន​ផង​ទើប​សឹងតែ​គ្រប់​កីឡាករ និង​កីឡាការិនី​របស់​យុទ្ធ​ក្រម​ខម និង​ល្បុក្កតោ ត្រូវ​បាន​ជ្រើស​យក ។ លោក​ទទួលស្គាល់​ថា​ខ្សែ​រឿង​ប្រវត្តិសាស្ត្រ​មួយ​នេះ​ចំណាយ​ទុន​មិន​ក្រោម​១​លាន​ដុល្លារ ដោយសារ​តែ​ការ​តុបតែង​ស្ទី​ឌី​យោ​ដើម្បី​ថត ដូច​ជា​ការ​សង់​បន្ទាយ កាត់​សម្លៀក​បំពាក់ បង្វឹក​សេះ​ឲ្យ​ចេះ​ថតកុន និង​ចាក់ពុម្ព​ផលិត​ជា​សម្ភារ​ផ្សេង​ៗ​ឲ្យ​ស្រប​នឹង​ដំណើររឿង​កាលពី​បុរាណ សុទ្ធតែ​ត្រូវ​ចំណាយ​ច្រើន ។ ក្នុង​នោះ​ការ​កុម្ម៉ង់​ទិញ​កាមេរ៉ា​២​គ្រឿង​អស់​ជាង​១០​ម៉ឺន​ដុល្លារ និង​តម្រូវការ​តួអង្គ​ដល់​រាប់រយ​នាក់ ព្រមទាំង​ត្រូវការ​ថត​យូរ​ខែ​ក៏​ជា​ការ​ចំណាយ​ដ៏​ខ្ពស់​លើសលប់​សម្រាប់​ផលិតករ​ផង​ដែរ ។ លោក​ថា រឿង​នេះ​ត្រូវ​ចេញ​ថត​ដំបូង​នៅ​បន្ទាយ​ដែល​បាន​សាងសង់​លើ​ភ្នំ​តា​ម៉ៅ បន្តបន្ទាប់​ទើប​ចេញ​ទៅ​ថត​នៅ​ខេត្តសៀមរាប ខេត្តកំពង់ចាម និង​នៅ​ស្រុក​កៀនស្វាយ​ចុង​ក្រោយ ដោយ​សមាសភាព​កីឡាករ​កីឡាការិនី​ផ្នែក​ល្បុក្កតោ និង​យុទ្ធ​ក្រម​ខម គឺ​ភាគច្រើន​ត្រូវ​បាន​លោក​ឲ្យ​សម្ដែង​ជា​តួអង្គ​សំខាន់​ដែល​ត្រូវ​លេង​តាំងពី​ដើម​ដល់​ចប់ ។

គួរ​បញ្ជាក់​ផង​ដែរ រឿង​ហ្លួង​ព្រះស្ដេច​កន នឹង​និយាយ​ត្រឹម​ប្រវត្តិ​របស់​នាយ​កន​តាំងពី​ចាប់កំណើត​រហូត​ដល់​បាន​ក្លាយជា​ស្ដេច​សោយរាជ​ប៉ុណ្ណោះ ដោយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ដល់​ឆាក​សង្គ្រាម​ជាមួយ​ព្រះបាទ​ច័ន្ទ​រាជា​នោះ​ឡើយ ។ នេះ​ក៏​ជា​រឿង​ដែល​មាន​តម្រូវការ​តួអង្គ​ច្រើន​ដល់​រាប់រយ​នាក់ និង​ភាពយន្ត​ខ្មែរ​លើក​ទី​១ ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី​មក​ពី​សហព័ន្ធ​កីឡា​ពីរ​គឺ​ល្បុក្កតោ និង​យុទ្ធ​ក្រម​ខម​បាន​សម្ដែង​រឿង​រួម​គ្នា​ក្រោយ​ពី​បញ្ចប់​ចម្រូងចម្រាស​រឿង​ដណ្ដើម​គ្នា​ធ្វើ​ជា​ក្បាច់គុន​មេ​របស់​យុទ្ធ​គុន​ខ្មែរ​កាលពី​សម័យ​បុរាណ​នោះ​ផង​។ វត្តមាន​កីឡាករ​កីឡាការិនី​យ៉ាងច្រើន​កុះករ​នៅ​ក្នុង​រឿង​នេះ ត្រូវ​គេ​ផ្ដោត​ការ​ចាប់អារម្មណ៍​ភាគច្រើន​ដោយសារ​តែ​រឿង​ហ្លួង​ព្រះស្ដេច​កន ក៏​ជា​រឿង​ដែល​គេ​ចង់​ដឹង​ពី​ដំណើររឿង​ថា បាន​ថត​ត្រូវ​តាម​ដំណើររឿង​ប្រវត្តិសាស្ត្រ​ដែល​បាន​ចារឹក​ទុក ឬ​ក៏​អត់​នោះ​ផង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 172 នាក់
  Flag Counter
Flag Counter