. . . . . .
.
ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧

.
អ្នកស្រុក​អង្គរ​ប្រារព្ធ​ពិធី ​ឆាន់​សុំ​ទឹកភ្លៀង​
July 07, 2016 (12:34:16) [ 393 ]
 
 
ខេត្តសៀមរាប ៖ តំបន់​អង្គរ ក្រៅពី​មាន​ប្រាង្គ​ប្រាសាទ​ជា​មរតក​ដ៏​មាន​តម្លៃ និង​ជា​បេតិកភណ្ឌ​ពិភពលោក​មិន​អាច​កាត់ថ្លៃ​បាន ក៏​ជា​កន្លែង​ប្រមូលផ្តុំ​ដោយ​វប្បធម៌​រូបី​និង​អរូបី​ផង​ដែរ​។ វត្តមាន​រួម​គ្នា​នេះ​ធ្វើ​ឱ្យ​អង្គរ​នៅ​តែ​ជា​ដួង​ព្រលឹង​ដ៏​ស័ក្តិសិទ្ធិ​របស់​កូន​ខ្មែរ​មិន​សាបសូន្យ ។ ទំនៀមទម្លាប់ ជំនឿ​ជា​ច្រើន​ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់​អង្គរ​នៅ​តែ​ឱ្យ​តម្លៃ និង​បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​រហូត​ដល់​សព្វថ្ងៃ​ក្នុង​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ។ អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​គាំទ្រ​ជា​និច្ច ព្រមទាំង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​អ្នកស្រុក​ដើម្បី​រក្សា​ជំនឿ​ទាំងនេះ ។

តួយ៉ាង​ពិធី​ឆាន់​សុំ​ទឹកភ្លៀង ត្រូវ​បាន​អ្នក ស្រុក​អង្គរ​បន្ត​ធ្វើ​រហូត​ដល់​សព្វថ្ងៃ ដោយ​ការ​គោរព និង​ជឿជាក់​បំផុត ។ បើ​គិត​ចាប់ពី​ចុងខែ​ពិសាខ​មក​ដល់​ដើមខែ​អាសាធ ខេត្តសៀមរាប​ស្ទើរតែ​មាន​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ និង​គ្រប់​ទីកន្លែង ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​ប្រជាជន​តំបន់​អង្គរ​នៅ​ភូមិ​ប្រដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នៅ​តែ​បន្ត​ធ្វើ​ពិធី​សុំ​ទឹកភ្លៀង​តាម​ទម្លាប់​។ ការ​ប្រារព្ធ​ពិធី​នេះ​ជា​ទំនៀមទម្លាប់ និង​ជា​ជំនឿ​ដែល​មាន​តាំងពី​ដូនតា ដែល​ពួក​គាត់​គោរព​មិន​ហ៊ាន​ខកខាន បើ​ទោះបីជា​មិន​មាន​ទ្រព្យធន​ធ្វើ​ពិធី​ធំដុំ ក៏​អ្នកស្រុក​សាមគ្គី​គ្នា​រៀបចំ​ធ្វើ​ពិធី​តូចតាច​ដែរ ។

តាម​ការ​រៀបរាប់​របស់​លោកតា​មិត្ត និង​លោកតា​ទុ​យ លន់ ជា​អាចារ្យ​និង​ចាស់ ព្រឹទ្ធា ចា​រ្យ​ក្នុងភូមិ​បាន​ប្រាប់​ថា តាម​ពិត​ទៅ ​ឆាន់​សុំ​ទឹកភ្លៀង​ ត្រូវធ្វើ​នៅ​ថ្ងៃ​៣​កើត​ខែ​ពិសាខ​ទេ តែ​ដោយសារ​អ្នក​ភូមិ​រវល់​បុណ្យ​ទាន និង​កិច្ចការ ផ្សេង​ៗ​ផង ក៏​អូស​បន្លាយ​ដល់​ខែជេស្ឋ ឬ​អាសាឍ ។ ជា​រៀង​រាល់​ឆ្នាំ​អ្នក​ភូមិ​ប្រដាក តែងតែ​រៀបចំ​ពិធី​ឆាន់​សុំ​ទឹកភ្លៀង​មួយ​ព្រឹក​នៅ​ប្រាសាទ​មេបុណ្យ ដោយ​មាន​កិច្ច​ពិធី​ក្រុង​ពលី ព្រះសង្ឃ​សូត្រ​មន្ត បួងសួង​សុំ​ទឹក សុំ​ភ្លៀង សែន​ម្ចាស់​ប្រាសាទ និង​វេរ​ចង្វា​ន់​ប្រគេន​ព្រះសង្ឃ​គឺ​ចប់​កិច្ច​ហើយ ។

ទាក់ទង​នឹង​សំណួរ​ថា បើ​ខែ​នេះ​មាន​ភ្លៀង​ទៅ​ហើយ តើ​ចាំបាច់​ឆាន់​សុំ​ទឹកភ្លៀង​ធ្វើ​អ្វី ? លោកតា​បញ្ជាក់​ថា បើ​ទោះបីជា​មាន​ភ្លៀង​ធ្លាក់​ហើយ​ក៏​ដោយ ក៏​អ្នកស្រុក​អង្គរ​នៅ​តែ​បន្ត​ធ្វើ​ពិធី​សុំ​ទឹកភ្លៀង​ដែរ មិន​ហ៊ាន​ខកខាន​ទេ ខ្លាច​មាន​ជំងឺ​ឧត្បាត​កើតឡើង​ចំពោះ​កូនចៅ សត្វ​ចិញ្ចឹម ព្រោះតែ​យើង​ភ្លេច​រំឭក​នឹក​គុណ​ដល់​ពួក​គាត់ (​អ្នក​ថែរក្សា​) ។ ក្រៅពី​ឆាន់​ដើម្បី​សុំ​ទឹកភ្លៀង គេ​ក៏​យក​ពិធី​នេះ​រំឭក​ដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស​ដែល​បាន​សាង​អង្គរវត្ត អង្គរធំ ភ្នំ​គូលែន​ជាដើម ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ​ដែរ ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ដល់​អ្នក​ភូមិ និង​សត្វ ពិសេស​គឺ​ធ្វើស្រែ​ស្រូវ​បាន​ល្អ ។

បន្ថែម​ពី​នោះ​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ​យឿ​យ បាន​បង្ហាញ​ពី​ការ​រក្សា​ទំនៀមទម្លាប់​មួយ​នេះ​ថា ​ពិធី​សុំ​ទឹកភ្លៀង​មាន​តាំងពី​បុរាណ​មក ហើយ​ពេល​អត់​ពី ចាស់​ៗ​ទៅ​ពួក​ខ្ញុំ​ជា​កូនចៅ​ជំនាន់​ក្រោយ​ជា​អ្នក​ធ្វើ​បន្ត ទោះ​អត់​យ៉ាងម៉េច ក៏​មិន​ដែល​ខាន​ទេ​។ ជួន​យើង​ធ្វើ​នៅ​ខែជេស្ឋ ជួន​ធ្វើ​នៅ​ខែអាសាឍ មិន​ទៀងទេ បើ​ខែ​ណា​រាំង​ក៏​បួងសួង​សុំ​ទឹកភ្លៀង​ទៅ តែបើ​ទោះជា​ខែ​នោះ​ភ្លៀងហើយ​ក៏​ដោយ ក៏​នៅ​តែ​ធ្វើ​ពិធី​នេះ​ដែរ​ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ដល់​កូនចៅ​ទាំងអស់​គ្នា​។ ពួក​ខ្ញុំ​ជឿជាក់​ណាស់ ពេល​ខ្លះ​ធ្វើ​ភ្លាម​ភ្លៀង​ភ្លាម ពេល​ខ្លះ​២​ទៅ​៣​ថ្ងៃ​ទើប​ភ្លៀង​ ។

ក្រៅពី​កិច្ច​ពិធី​ទូទៅ​ហើយ ការ​បញ្ចូល​មេមត់​គឺ​សំខាន់​ណាស់​ក្នុង​ពិធី​សុំ​ទឹកភ្លៀង ។ គេ​ធ្វើ​ពិធី​នេះ​ដើម្បី​អញ្ជើញ​រូបអារក្ស​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី អ្នកមាន​បុណ្យ​បារមី​គ្រប់​ទីកន្លែង​ដែល​រក្សា​ភូមិ​ស្រុក ប្រាសាទ​នានា​ឱ្យមក​រាំរែក និង​ហូប​ចុក​ចំណីអាហារ​ដែល​កូនចៅ​ដាក់​សែន​ព្រែ​ន​ឱ្យ ក៏​ដូច​ជា​សួរនាំ​រូប​ដែល​ចូល​សណ្ឋិត​ថា​ចង់​ហូប​អី ត្រូវការ​អី និង​សុំ​ឱ្យ​ពួក​គាត់​ជួយ​ថែរក្សា​កូនចៅ កុំ​ខឹង កុំ​ធ្វើបាប​កូនចៅ ដូច​ប្រសាសន៍​របស់​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ​វឿ​ន ថា ​ពេល​សុំ​ទឹកភ្លៀង គឺ​តែងតែមាន​ចូល​រូប​មិន​ដែល​អត់​ទេ ដើម្បី​ឱ្យ​រូប​មក​រាំ​លេង មក​សេពសោយ​អាហារ ដូច​ថ្ងៃនេះ​មាន​រូប​ច្រើន​ណាស់ មាន​តា​រាជ​នៅ​អង្គរ តា​ទរ តា​សៅ និង​រូប​ច្រើន​ទៀត​។ ពេល​រូប​ចូល​យើង​សួរ​ថា តា​ឬ​យាយ ? នៅឯណា ? ឈ្មោះ​អី ? ចង់​ហូប​អី? ហើយ​យើង​ក៏​រៀបចំ​ចំណីចំណុក​ជា​ច្រើន​ឱ្យ​គាត់​តាម​ការ​ចូល​ចិត្ត ។ បើ​គាត់​ចូល​ចិត្ត គាត់​ក៏​ហូប បើ​គាត់​មិន​ចូល​ចិត្ត​ក៏​ខឹង ហើយ​រុញ​ម្ហូប​ចេញ ។ ការ​សុំ​ទឹកភ្លៀង​នេះ​ថា​ស័ក្តិសិទ្ធិ​ក៏​បាន មិន​ស័ក្តិសិទ្ធិ​ក៏​បាន ព្រោះ​ខែ​ខ្លះ​ដែល​ក្តៅហែង គ្រាន់តែ​ធ្វើ​ភ្លាម ភ្លៀង​ក៏​ធ្លាក់​ភ្លាម តែ​ខ្លះ​ក៏​ចាំ​១​ឬ​២​ថ្ងៃ ទើប​ភ្លៀង ហើយ​តែង​មើលរូប​ដែល​ចូល​មក​ដែរ បើ​រូប​ថា​រងា​ញាក់ញ័រ គឺ​ច្បាស់​ណាស់​មិនយូរ​ទេ​ច្បាស់​ជា​ភ្លៀង​មិន​ខាន ដូច្នេះ​មិន​ជឿ​មិន​បាន​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 3998 4005
បាត ថៃឡង់ (1US$: THB) 35.17 35.27
ដុង វៀតណាម (1US$: VND) 22,870 22,950
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.868 0.873
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.10 7.15
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.23 2.25
ផោន អង់គ្លេស (1GBP: US$) 1.211 1.216
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.048 1.053
ហ្វ្រង់​ ស្វីស (1CHF: US$) 0.98 0.985
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.747 0.752
ដុល្លារ កាណាដា (1CAD: US$) 0.735 0.740
មាស គីឡូ (1CHI: US$) 145.5 146.5
កែប្រែរចុងក្រោយ ៖ 09 - March - 2017

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០១៧
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 24 នាក់
  Flag Counter
Flag Counter